ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងថា មិនអនុញ្ញាតឱ្យមានការផ្លាស់ប្តូរទីតាំងការងាររបស់មន្ត្រីនគរបាលជាតិ លុះត្រាតែមានការអនុញ្ញាតពីរដ្ឋមន្ត្រី។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ដ្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ពិធីនេះប្រារព្ធធ្វើឡើងនៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា កាលពីពេលកន្លងទៅការជ្រើសរើសមន្ត្រីនគរបាលជាតិសម្រាប់បំពេញបន្ថែមប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្វះខាត ហើយការជ្រើសរើសនេះដែរធ្វើឡើង តាមរយៈការជ្រើសរើសនៅថ្នាក់ជាតិមន្ត្រីនគរបាលជាតិ ដោយត្រូវបំពេញក្របខណ្ឌឱ្យបានគ្រប់គ្រាន់ ត្រូវមានមធ្យោបាយធ្វើការ និងធ្វើការហ្វឹកហាត់ នៅពេលជ្រើសរួចហើយទើបធ្វើការបែងចែកទៅដល់ថ្នាក់ស្រុក និងថ្នាក់ឃុំ។ 

សម្តេចក្រឡាហោម បន្ថែមថា តែការជ្រើសរើសបែបនេះ មិនអាចទទួលបានមន្ត្រីនគរបាលជាតិដែលមានមូលដ្ឋាននៅទីតាំងកំពុងខ្វះខាតនោះទេ ហេតុដូចនេះបង្កឱ្យមន្ត្រីនគរបាលជាតិ ដែលបានជ្រើសរើសរួច ដាក់ពាក្យស្នើសុំផ្ទេរចេញមកថ្នាក់ជាតិ និងមកថ្នាក់ខេត្ត ធ្វើឱ្យប៉ុស្តិ៍រដ្ឋបាលនោះនៅតែខ្វះខាតមន្ត្រីដដែល។

ពាក់ព័ន្ធនឹងបញ្ហាប្រឈមបែបនេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា អាចអនុញ្ញាតឱ្យមេឃុំ មេប៉ុស្តិ៍ជ្រើសរើសមន្ត្រីនៅតាមមូលដ្ឋានជាក់ស្តែង តាមលក្ខន្តិកៈដែលក្រសួងមហាផ្ទៃបានកំណត់ ចំពោះបេក្ខជនដែលត្រូវជ្រើសរើសត្រូវតែជាមនុស្សរស់នៅទៅតាំងនៅផ្ទាល់តែម្តង ធ្វើបែបនេះទើបមិនមានការផ្ទេរចេញជាបន្តទៅទៀត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ